1.4.បំណិនថ្មី ៖ លក្ខណៈតថនៅក្នុងរឿង
👇 ចូរពិនិត្យឧទាហរណ៍
[…]តាដុងយាយជ័យមានប្អូនស្រីមួយឈ្មោះនាងទែន នៅភូមិស្រែរនោង ។តានិងយាយបាននាំនាងត្រចើលដោះក្រោលទៅលេងឯផ្ទះនាងទែនជាញឹកញាប់។ពេលដែលនាងទៅលេងឯផ្ទះម្ដាយមីងនាងតែងតែដើរកាត់ភូមិកាន់ក្អមមកដងទឹក អ្នកស្រុកបានឃើញដំណើរនាងដើរ ក៏នាំគ្នាសរសើរថា ដំណើរនាងដើរញ៉ែងញ៉ង ពាក្យសរសើរនោះ រាល់ពេលនាងដើរ បានជានៅកន្លែងនោះមានឈ្មោះថា ភូមិញ៉ែងញ៉ង ឃុំញ៉ែងញ៉ងដល់សព្វថ្ងៃ ។ លុះនាងដើរមកដល់ទីកន្លែងអណ្ដូងទឹកមនុស្សដែលមកដងទឹកជាមួយនាង តែងតែពោលពាក្យសរសើរសាច់នាងថាសស្គុះ ទើបមានជាប់ពាក្យសរសើរនោះដល់សព្វថ្ងៃថា ឃុំគុស ។ ឯឃុំញ៉ែងញ៉ងនិងឃុំគុសនេះ នៅជាប់គ្នាក្នុងស្រុកត្រាំកក់ខេត្តតាកែវ ។
ពេលនោះ នាងនៅលេងនឹងផ្ទះម្ដាយមីងបានពីរបីថ្ងៃ តាដុងយាយជ័យក៏មកយកនាង វិលទៅកាន់ទីលំនៅវិញ ។ តាដុងយាយជ័យនិងនាងត្រចើលដោះក្រាល ដែលមកកាន់ផ្ទះនាងទែននោះលោះខែតិចណាស់ ។ មានថ្ងៃមួយ តានិងយាយបាននាំនាងមកលេងផ្ទះនាងទែនទៀត លុះមកពាក់កណ្ដាលផ្លូវបានជួបនឹងព្រានវឹង កំពុងនាំចៅប្រមាញ់ វឹង ស៊ុង ដើរបរបាញ់សត្វក្នុងព្រៃ ។ ដោយព្រានវឹងនិងតាដុងយាយជ័យនោះ ធ្លាប់ស្គាល់គ្នាច្បាស់ពីមុនមកផង អ្នកទាំងនោះក៏មានការសួររាក់ទាក់រកគ្នាទៅវិញទៅមក ។ ឯចៅប្រមាញ់វឹង ស៊ុងនិងនាងត្រចើលដោះក្រាល កាលបើឃើញគ្នាហើយក៏ចេះតែគយគន់គ្នាទៅវិញទៅមក ។ ដោយការគយគន់រកគ្នានោះ សេចក្តីស្នេហាក៏ចាប់ផ្ដើមដុះដាលឡើងពេញពោរនៅក្នុងបេះដូងរៀងខ្លួន ហើយបញ្ចេញឫកពារទៅវិញទៅមក លុះត្រាតែដឹងចិត្តគ្នា ។ ដោយតាដុងយាយជ័យមានរវល់ច្រើន នាងត្រចើលដោះក្រាលក៏លបធ្វើដំណើរមកផ្ទះនាងទែនតែម្នាក់ឯងក្នុងបំណងមកជួបនឹងចៅប្រមាញ់វឹង ស៊ុងផង ។
ថ្លែងពីព្រះរាជាដែលគង់សំចតនៅព្រះបន្ទាយលង្វែក ព្រះអង្គឡើងគង់លើអស្សពាហ៍ មានសេនា ៤នាក់ ដង្ហែព្រះអង្គទៅផង ។ លុះចូលទៅដល់ក្នុងព្រៃជ្រៅ ស្រាប់តែប្រទះនាងត្រចើលដោះក្រាលដើរត្រាច់តែម្នាក់ឯង ។ ត្រង់ព្រៃដែលស្ដេចប្រទះនាងនោះ អ្នកស្រុកគេហៅថា ព្រៃប្រទះនាងដែលសព្វថ្ងៃនេះគេហៅក្លាយមកថា ប្រទះឡាង ។ ព្រះអង្គបានទតឃើញនាងមានរូបឆោមពណ៌ល្អដូចនាងទេពធីតា ក៏ទ្រង់លោតចុះពីលើខ្នងសេះយាងសំដៅទៅរករូបនាង ទ្រង់លួងលោមនាងដោយសេចក្តីស្នេហា ។ នាងត្រចើលដោះក្រាល ក៏មានសេចក្ដីភិតភ័យ នាងមិនមានឆ្លើយតបទៅព្រះរាជាទេ នាងបែរជារត់ត្រឡប់មកក្រោយវិញ ។ ពេលនោះ ព្រះរាជានិងសេនាបួននាក់ក៏រត់ដេញតាមនាង ។ ដោយកម្លាំងនាងជាស្រីរត់មិនសូវលឿន ហើយដោយឃើញព្រះរាជាដេញប្រកិតជិតណាស់មកផង នាងបានឃើញដំបូកមួយនៅក្នុងព្រៃពីមុខ នាងក៏លើកដៃបួងសួងថា ” បើខ្លួននាងពិតជាគូនឹងចៅប្រមាញ់វឹង ស៊ុងមែន សូមឱ្យនាងចូលពួននៅដំបូងនេះបាត់កុំឱ្យគេរកឃើញឡើយ ” ។ ព្រះរាជានិងសេនាបួននាក់មើលពីចម្ងាយមកឃើញនាងចូលទៅក្នុងព្រៃដំបូកនោះដែរ តែលុះមកដល់បែរជារកនាងមិនឃើញវិញ បានជាមានពាក្យហៅទីនោះថា ” ដំបូកមានលក្ខណ៍ ” ។ កន្លែងនេះក្រោយមកអ្នកស្រុកបានកសាងវត្តដំបូកមានលក្ខណ៍ នៅក្នុងឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្ដាល ។ ពេលនោះព្រះរាជាឆ្ងល់នឹងដំណើរ ដែលនាងរត់មកពួនបាត់ខ្លួននៅដំបូកនោះ ក៏ទ្រង់ពិគ្រោះជាមួយសេនាឯសេនាទាំង៤នាក់ក៏ទូលតបវិញថា ស្ត្រីដែលមានរូបល្អអម្បាញ់មិញនេះ បានជារត់មកពួនបាត់នៅដំបូកដែលជាកន្លែងមិនគួរនឹងលាក់ខ្លួនបាត់យ៉ាងដូច្នេះ ដោយព្រះអង្គដេញចាប់បង្ខំចិត្តនាង ប្រហែលជាមានទេវតាជួយយកអាសានាងជាមិនខាន ហើយសេនាទូលថែមទៀតថា បើព្រះអង្គសព្វព្រះរាជហឫទ័យនឹងរូបនាង សូមព្រះអង្គយាងចូលទៅស្ដីដណ្ដឹងដល់ឪពុកម្ដាយនាងតាមប្រពៃណីវិញ ។ […]
(ដកស្រង់ពីរឿងតាដុងយាយជ័យ ប្រជុំប្រជុំរឿងព្រេងខ្មែរ ភាគទី៥)
តាមឧទាហរណ៍ទី១ បង្ហាញថា អ្នកនិពន្ធបានផ្សារភ្ជាប់ដំណើររឿងទៅនឹងឈ្មោះទីកន្លែងពិតប្រាកដនៅក្នុងប្រវត្តិសាស្រ្តប្រទេសកម្ពុជាយើង ហើយឈ្មោះទាំងនោះនៅស្ថិតស្ថេររហូតមកដល់បច្ចុប្បន្ន ដូចជាផ្ទះនាងទែននៅភូមិស្រែរនោង ពាក្យអ្នកស្រុកសរសើរនាងត្រចើលដោះក្រាលនៅពេលនាងកាន់ក្អមដងទឹកដើរញ៉ែងញ៉ង ទីកន្លែងដែលដើរនោះ ជាប់ឈ្មោះជាភូមិញ៉ែងញ៉ង និងឃុំញ៉ែងញ៉ង។ កន្លែងអណ្តូងទឹក ដែលអ្នកស្រុកសរសើរនាងថាសស្គុស ជាប់ឈ្មោះមកដល់សព្វថ្ងៃថាឃុំគុស។ ភូមិឃុំទាំងអស់នេះ សព្វឃុំស្ថិតក្នុងស្រុកត្រាំកក់ ខេត្តតាកែវ។
នៅឆ្នាំ ១៩២៤-២៥ អ្នករាជការភូមិទាំងឡាយនៅខេត្តកំពង់ឆ្នាំង បានធ្វើសេចក្ដីរាយការណ៍ទៅសាលាស្រុករៀងខ្លួន បញ្ជាក់អំពីស្ថានភាពដ៏លំបាករបស់មន្ត្រីឃុំក្នុងការដើរទារពន្ធលើបណ្ដារាស្ត្រទូទៅ ព្រោះប្រជាកសិករភាគច្រើនបានប្រកែករឹងរូសពុំព្រមបង់ពន្ធជូនរាជការ ដោយអាងលេសថាគ្មានប្រាក់ ។ ម្ល៉ោះហើយលោកចៅហ្វាយស្រុកក៏រាយការណ៍ជូនលោកចៅហ្វាយខេត្តមួយជាន់ទៀត ។ ឯលោកចៅហ្វាយខេត្ត ក៏រាយការណ៍រឿងនេះជូនទៅរ៉េស៊ីដង់បន្តទៀតដែរ ។
ព្រោះហេតុនេះហើយ ទើបបានជានៅដើមឆ្នាំ ១៩២៤ លោករេស៊ីដង់បារាំងឈ្មោះ បារដេស ដែលនៅប្រចាំខេត្តកំពង់ឆ្នាំងនោះ បានបញ្ចេញសកម្មភាពយ៉ាងខ្លាំងក្លា ដើរទារពន្ធដោយខ្លួនឯងតែម្ដង ។ ចំពោះស្រុករលាប្អៀរ មុនដំបូងលោករ៉េស៊ីបារាំងរូបនេះ បានចប់ចេញដើរទារនៅភូមិព្រៃខ្មែរ ជើងគ្រាវហូរហែ រហូតទៅឃុំព្រៃមូលនិងឃុំក្រាំងលាវ ដែលជាកន្លែងទារពន្ធចុងក្រោយបង្អស់នៃជីវិតរបស់គាត់ក្នុងអតីតព្រះរាជាណាចក្រកម្ពុជា ។
គួរជ្រាបផងដែរថា ពន្ធដាសម័យនោះធ្ងន់ធ្ងរហួសហេតុ គឺធ្ងន់រហូតដល់អ្នកក្រ ដែលមានដីធ្លីបន្តិចបន្តួចសុខចិត្តលក់ដីលក់ចោល យកប្រាក់បង់ពន្ធ ក៏នៅតែមិនគ្រប់ទៀត ។ គ្រាន់តែពន្ធអត្តសញ្ញាណប័ណ្ណ (កាត) ក្នុងមួយឆ្នាំៗ គេត្រូវបង់ម្នាក់ៗ ៥រៀល ។ នេះមិនគិតពីពន្ធដីធ្លីនិងអ្វីៗដទៃទៀតផង ។ កាត់សម័យនោះ គេធ្វើជា៥ផ្នត់ ។ ហេតុនេះហើយទើបបានជាមានតំណាលថា” កាត៥ផ្នត់” តៗមក ។ ហើយព័ត៌មានស្ដីពីរឿងអ្នកស្រុករត់ពួនព្រៃដោយសារគ្មានលុយបង់កាតនោះក៏នៅតែមិនទាន់រលុបបាត់ដល់សព្វថ្ងៃនេះផងដែរ ព្រោះរឿងនេះមានគ្រប់ខេត្ត ។
ថ្លែងពីលោកមេឃុំប៉ាល់ ។ លោកប៉ាល គឺជាមេឃុំក្រាំងលាវនេះឯង ។ គាត់មានអាយុប្រមាណ៦០ឆ្នាំទៅហើយ ។ ចាស់ៗសម័យនោះ (១៩២៥) គេហៅគាត់ថា “មេស្រុកប៉ាល” ។ ឯពួកកំលោះៗនិយមហៅថា “តាប៉ាល់ៗ” រត់មាត់ ។ ចំណែកសាលាឃុំក្រាំងលាវ គឺតាំងនៅខាងត្បូងរបងវត្តក្រាំងលាវ ។
នៅដើមឆ្នាំ ១៩២៥នេះ មេឃុំប៉ាល់ បានខិតខំចាប់មន្ត្រីឃុំឲ្យដើរទារពន្ធពីកូនឃុំក្នុងមួយផ្ទះៗបីបួនដងក៏មាន ប៉ុន្តែនៅតែពុំសូវបានលទ្ធផល ព្រោះចំនួនមនុស្សដែលគ្មានលុយបង់ពន្ធមានច្រើនលើសលប់ ។
មេឃុំប៉ាល់ទាល់តម្រិះអង្គុយច្បូតពុកមាត់ធ្វើភ្នែកភ្លឹះៗ ព្រោះរាជការជាន់លើចេះតែបង្គាប់ផ្ទួនៗមកឲ្យគាត់ត្រូវខំទារឲ្យខាងតែបាន ។ ណាមួយខ្លួនឯងកាន់តែចាស់ជរាណាស់ទៅហើយមិនបានកាន់សីល 5 ជាប់លាប់នឹងគេ ព្រោះរវល់តែពីរឿងកិច្ចការរាជការមមាញឹក ណាមួយនឹកមួយម៉ៅក្តៅក្រហាយទារពន្ធមិនបាន អាមួយអាណិតអាសូរកូនភូមិដែលភាគច្រើនកំពុងតែជួបប្រទះនឹងការខ្វះខាតគ្រឿងឧបភោគ បរិភោគសម្រាប់ចិញ្ចឹមជីវិតរាល់ថ្ងៃ ។ ចង់លាឈប់ធ្វើមេឃុំ រាជការថ្នាក់នៅមិនព្រម ។ មេឃុំប៉ាល់តឹងទ្រូងស្ទើបែកជាពីរភាគ ។
ថ្ងៃមួយ មេឃុំប៉ាល់បានកោះប្រជុំមន្ត្រីឃុំក្រោមឱវាទរបស់គាត់ ដើម្បីប្រឹក្សាគ្នារកច្រកចេញឱ្យរួចដើម្បីកុំឱ្យមានការស្តីបន្ទោសមកពីថ្នាក់លើ ។
ខណ:នោះលោកជំទប់បានជម្រាបលោកមេឃុំប៉ាល់ថា
រឿងដើរទារពន្ធឆ្នាំនេះខ្ញុំសូមចែកហើយព្រោះម្នាក់ៗឆ្លើយមកវិញថាតែគ្មានលុយគ្មានលុយហើយអ្នកខ្លះទៀតលើកដៃសំពះអង្វរគួរឲ្យខ្លោចចិត្តគិតឲ្យបង្អង់ចាំដល់ឆ្នាំក្រោយសម័បឹងជូនខ្លាំងណាស់។
មេឃុំប៉ាល់ខះបំពង់ក លើកពែងតែហុតគ្រូកដូចហុតសម្ល រួចយកដៃស្តាំ ច្បូតពុកមាត់ ទើបមានប្រសាសន៍ថា ៖
-ខ្ញុំដឹងសុខទុក្ខកូនឃុំខ្ញុំដែរ តែឲ្យខ្ញុំធ្វើយ៉ាងម៉េច បើគេចេះតែបង្ខំពីលើមកខ្លាំងពេក ។
ពេលនោះ ស្មៀនឃុំបានធ្វើតុល្យការប្រៀបធៀបពីរបររកស៊ីរបស់អ្នកស្រុកនឹងប្រាក់ពន្ធ ជូនមេឃុំស្ដាប់ ៖
-លោកមេឃុំជ្រាបស្រាប់ហើយ កូនឃុំយើងសព្វថ្ងៃ អ្នកខ្លះធ្វើស្រែបានស្រូវ ១ឆ្នាំ ៣០ថាំងក៏មាន ៤០ថាំងក៏មាន ទុកគ្រាន់តែទទួលទានប៉ុណ្ណោះ ។ ឯរបរឡើងត្នោតវិញ អ្នកខ្លះ ១ឆ្នាំៗ បានស្ករ ២៥ពាង លក់បានប្រាក់តែត្រឹមពីររៀលមួយចំហៀងប៉ុណ្ណោះ ។
-រឿងនេះ មានតែមួយផ្លូវប៉ុណ្ណោះ គឺធ្វើសំបុត្រប្តឹងទៅលើ ដើម្បីយករួចខ្លួនយើង ។ បន្ទាប់ពីមានការយល់ស្របពីអង្គប្រជុំ លោកមេឃុំប៉ាល់ក៏បង្គាប់ឲ្យស្មៀនធ្វើសេចក្តីរាយការណ៍ជាបន្ទាន់ផ្ញើទៅចៅហ្វាយស្រុករលាប្អៀរ ។ ឯស្មៀននោះ ក៏ធ្វើប្រញាប់ប្រញាល់ ព្រោះដឹងថាលោករ៉េស៊ីដង់រៀបចេញមកទារពន្ធហើយ ។
(ដកស្រង់ពីរឿងភូមិតិរច្ឆាន វគ្គទី៩)
ក្នុងឧទាហរណ៍ទី២ អ្នកនិពន្ធបានផ្សារភ្ជាប់ដំណើររឿងទៅនឹងព្រឹត្តិការណ៍ប្រវត្តិសាស្រ្តប្រទេសកម្ពុជាយើង ដែលស្ថិតក្រោ។អាណានិគមបារាំង ។ វគ្គទី ៩ នេះបង្ហាញពីទុក្ខវេទនារបស់ប្រជាជនកមពុជាដែលត្រូវបារាំងជំរិតឲ្យបង់ពន្ធគ្រប់ប្រភេទ តាំងពីស្រែ ចមការ មុខរបរ រហូតដល់អត្តសញ្ញាណប័ណ្ណថែមទៀត ។
លក្ខណៈតថៈនៅក្នុងរឿង គឺជារឿងរ៉ាវ ហេតុការណ៍ ព្រឹត្តិការណ៍ ឈ្មោះ ទីកន្លែង សកម្មភាព … ដែលមានពិតនៅក្នុងសង្គមជាក់ស្ដែង ហើយត្រូវបានអ្នកនិពន្ធបញ្ចូល ឬផ្សារភ្ជាប់ទៅនឹងដំណើររឿងដោយរួមផ្សំនឹងមនោគតិរបស់ខ្លួន ។
ចម្លើយ
- លក្ខណៈតថគឺជារឿងរ៉ាវ ហេតុការណ៍ ព្រឹត្តិការណ៍ ឈ្មោះទីកន្លែង សកម្មភាព … ដែលមានពិតនៅក្នុង សង្គមជាក់ស្ដែង ។
- លក្ខណៈតថកើតចេញពី អ្នកនិពន្ធបញ្ចូល ឬផ្សារភ្ជាប់ ទៅនឹងដំណើររឿងដោយផ្សំនឹងមនោគតិរបស់ខ្លួន ។
ចម្លើយ
លក្ខណៈតថនៅក្នុងរឿងកុលាប៉ៃលិន គឺ អ្នកនិពន្ធបានផ្សារភ្ជាប់ដំណើររឿងនេះ ទៅនឹងឈ្មោះទីកន្លែងពិតប្រាកដនៅក្នុងប្រទេសខ្មែរយើងក្នុងខេត្តបាត់ដំបង និងក្រុងប៉ៃលិន ដូចជា ផ្លូវបាត់ដំបង-ប៉ៃលិន ផ្សារក្រុងបាត់ដំបង ផ្សារវិល ស្រុកប៉ៃលិន… ដែលឈ្មោះទាំងនេះមានពិតប្រាកដរហូតសព្វថ្ងៃ ។
ចម្លើយ
លក្ខណៈតថនៅក្នុងបុណ្យភ្ជុំបិណ្ឌបណ្ដែតដូនតា គឺអ្នកនិពន្ធបានផ្សារភ្ជាប់ដំណើររឿងនេះ ប្រវត្តិប្រពៃណីទំនៀមទម្លាប់របស់ខ្មែរ គឺពិធីបណ្ដែតដូនតានៅពេលបុណ្យភ្ជុំបិណ្ឌ ហើយប្រពៃណីនេះ ប្រជាជនកម្ពុជាកំពុងប្រតិបត្តិរហូតមកដល់បច្ចុប្បន្ននេះ ។
