1.3.វេយ្យាករណ៍ ៖ នាម
👉 តើនាមជាអ្វី?
ចូរពិនិត្យឧទាហរណ៍៖
- អង្គរវត្តជាតំបន់ទេសចរណ៍មួយយ៉ាងសំខាន់របស់កម្ពុជា។
- មីងៗនាំកូនទៅលេងបុណ្យ។
- ពូសំ លី នង្គ័លទៅស្រែ។
ពាក្យ ៖ អង្គរវត្ត តំបន់ទេសចរណ៍ កម្ពុជា មីងៗ កូន បុណ្យ ពូសំ នង្គ័ល ស្រែ គឺជា នាម។
១. សាធារណនាម ឬនាមសាធារណ៍
សាធារណនាម ឬនាមសាធារណ៍ គឺជានាមសម្ដែងឈ្មោះទូទៅមិនចំពោះ ។
ឧទាហរណ៍ ៖
- កសិករ បាចជីក្នុងស្រែ ។
- សាលារៀននេះ ទើបតែសង់ថ្មី ។
- សៀវភៅនេះ មានចំណុចដែលនិយាយពីពិធីបុណ្យប្រពៃណី ។
ពាក្យ ៖ កសិករ ស្រែ សាលារៀន សៀវភៅ បុណ្យប្រពៃណី ជាសាធារណនាម ។
សាធារណនាមមានដូចជា កម្មករ ពលករ មាមីងបងប្អូន សាលារៀន ប្រាសាទ បុណ្យ … ។
២. អសាធារណនាម ឬនាមសាធារណ៍
អសាធារណនាម គឺជានាមសម្ដែងឈ្មោះមិនទូទៅ ចំពោះប្រាកដច្បាស់លាស់។
ឧទាហរណ៍ ៖
- កម្ពុជាសម្បូរប្រាសាទបុរាណណាស់។
- ប្រាសាទបន្ទាយស្រីស្ថិតក្នុងខេត្តសៀមរាប។
ពាក្យ ៖ កម្ពុជា ប្រាសាទបន្ទាយស្រី ខេត្តសៀមរាប ជាអសាធារណនាម ឬនាមអសាធារណ៍ ។
អសាធារណនាម ឬនាមសាធារណ៍មានដូចជា ភ្នំពេញ បុណ្យផ្កា ពូសំ ប្រាសាទភ្នំជីសូរ …។
៣. ករណនាម ឬនាមករណ៍
ករណនាម ឬនាមករណ៍ គឺជានាមសម្រាប់សម្ដែងសភាព ឬលក្ខណៈអ្វីមួយ។ ករណនាម ឬនាមករណ៍មានកំណើតមកពីកិរិយាសព្ទ ឬគុណនាម។
ឧទាហរណ៍ ៖
- គាត់តែងបោសសម្អាតទីធ្លាប្រាសាទនេះរាល់ថ្ងៃ។ ទង្វើនេះ ចាត់ទុកជាគំរូល្អមួយ។
- កម្ពុជាយើងសម្បូរប្រាសាទបុរាណណាស់។ ភាពសម្បូរបែបនេះ ជាមោទកភាពរបស់កូនខ្មែរជំនាន់ក្រោយៗ។ យើងត្រូវចេះថែរក្សាការពារកេរដំណែលទាំងនោះឲ្យបានគង់វង្ស។
ពាក្យ ៖ ទង្វើ ភាពសម្បូរ ជានាមករណ៍ ឬករណនាម។
នាមករណ៍មានដូចជា ៖
កិរិយាសព្ទ > នាមករណ៍ ឬករណនាម
- ធ្វើ > ទង្វើ
- សង្កេត > ការសង្កេត
- កក > កំណក
- កើត > កំណើត
- ជោរ > ជំនោរ ។ល។
គុណនាម > នាមករណ៍ ឬករណនាម
- សុខ > សេចក្ដីសុខ
- ខុស > កំហុស
- សម្បើម > ភាពសម្បើម
- ក្ដៅ > កម្ដៅ
- ថ្លៃថ្នូរ > សេចក្ដីក្ដីថ្លៃថ្នូរ ។ល។
៤. ការកនាម ឬនាមការក៍
ការកនាម ឬនាមការក៍ គឺជានាមសំដែងអ្នកធ្វើអំពើ ឬអ្នកមានសភាពលក្ខណៈបែបណាមួយ។
ឧទាហរណ៍ ៖
អ្នកភ្ជួរ អ្នករាស់ អ្នករែកកណ្ដាប់ អ្នកស្ទូងបំពេញកាងាររៀងៗខ្លួនយ៉ាងសកម្ម។ មិនយូរប៉ុន្មានវាលស្រែទាំងមូលប្រែក្លាយជាពណ៌ខៀវស្រងាត់។
ពាក្យ ៖ អ្នកភ្ជួរ អ្នករាស់ អ្នករែកកណ្ដាប់ អ្នកស្ទូង ជានាមការក៍ ព្រោះពាក្យទាំងនោះប្រាប់ពីអ្នកធ្វើអំពើ។
នាមការក៍ ឬការកនាម មានកំណើតមកពី កិរិយា គុណនាម និងនាម។
កិរិយាសព្ទ > នាមការក៍
- យាម > អ្នកយាម
- ចាំ > ឆ្មាំ
- ជួញ > ឈ្មួញ
- លេង > អ្នកលេង ។ ល។
គុណនាម > នាមការក៍
- តូច > អ្នកតូច
- ធំ > អ្នកធំ
- មាន > អ្នកមាន
- នាម > នាមការក៍
- ស្រែ > អ្នកស្រែ
- ក្រុង > អ្នកក្រុង
- ចំការ > អ្នកចំការ
- ភូមិ > អ្នកភូមិ ។ល។
តាមការបង្ហាញខាងលើបញ្ជាក់ថា ពាក្យសម្រាប់ហៅមនុស្ស សត្វ វត្ថុ ទីកន្លែង … ទាំងអស់នេះគេប្រើនាម ហើយមានលក្ខណៈប្លែកៗគ្នា។
នាមគឺជាថ្នាក់ពាក្យមួយប្រភេទសម្រាប់សម្ដែងឈ្មោះ មនុស្ស សត្វ វត្ថុ ទីកន្លែង រុក្ខជាតិ ធម្មជាតិអ្វីមួយ ។ នាមចែកជា សាធារណនាមឬនាមសាធារណ៍ អសាធារណនាមឬនាមអសាធារណ៍ ករណនាមឬនាមករណ៍ ការកនាមឬនាមការក៏ ។
ចម្លើយ
១- នាមគឺជាថ្នាក់ពាក្យមួយប្រភេទសម្រាប់សម្ដែងឈ្មោះ មនុស្ស សត្វ វត្ថុ ទីកន្លែង រុក្ខជាតិ ធម្មជាតិអ្វីមួយ ។
២- ក្នុងការសិក្សានេះ នាមមាន៤ប្រភេទ ដូចជា នាមសាធារណ៍ នាមអសាធារណ៍ នាមករណ៍ និងនាមការក៍។ (សិស្សអាចសរសេរនាមបានបន្ថែមទៀតតាមលទ្ធភាពរបស់ខ្លួន) ។
ចម្លើយ
នាមសាធារណ៍ និងនាមអសាធារណ៍ មានដូចជា ៖
- នាមសាធារណ៍ ៖ សាលារៀន កម្មករ ពិធីបុណ្យ ព្រះអង្គ សៀវភៅ អ្នកនិពន្ធ ។
- នាមអសាធារណ៍ ៖ បុណ្យភ្ជុំបិណ្យ ប្រាសាទតាព្រហ្ម ភូមិសែនបន់ រម្មណីយដ្ឋានទន្លេបាទី ប្រាសាទបាយ៉ង់កោរ ។
ចម្លើយ
នាមករណ៍ និងនាមការក៏ មានដូចជា ៖
- នាមករណ៍ ៖ សម្ដី ខ្នើយ ការសង្កេត ជំនួញ សេចក្ដីចម្រើន ការអត់ធ្មត់ ការសន្មត ទំហំ ។
- នាមការក៏ ៖ អ្នកក្លាហាន អ្នកស្រុក ខ្មាន់កាំភ្លើង ។
ចម្លើយ
តែងល្បះដោយប្រើប្រាស់នាម ៖
- នាមសាធារណ៍ ៖ ខ្មែរយើងមាន ពិធីបុណ្យ ច្រើនណាស់ ។
- នាមអសាធារណ៍ ៖ ប្រាសាទបាយ៉ង់កោរ ឋិតក្នុងខេត្តតាកែវ។
- នាមករណ៍ ៖ ការអត់ធ្មត់ នាំមកនូវភាពជោគជ័យ ។
- នាមការក៍ ៖ យុទ្ធជនខ្មែរការពារទឹកដី គឺជា អ្នកក្លាហាន ។
