សូមស្វាគមន៍

« ថ្នាក់ពាក្យនៃភាសាខ្មែរ » ដែលជាវគ្គសិក្សារបស់លោកគ្រូ អ្នកគ្រូ ប្អូនៗ និងប្រិយមិត្តនៅពេលនេះ គឺជាស្នាដៃដែលបានកើតឡើងពីបទពិសោធន៍ផ្ទាល់ខ្លួនរបស់រូបខ្ញុំ នៃការបង្រៀនមុខវិជ្ជាវេយ្យាករណ៍ខ្មែរ រយៈពេល២៥ឆ្នាំ ។ បទពិសោធន៍នៃការបង្រៀននេះ គឺសម្រាប់អ្នកសិក្សាស្រាវជ្រាវ និងចែករំលែកចំណេះដឹងថ្មីៗជូនដល់សាធារណៈជនទូទៅ ដើម្បីធ្វើឱ្យកាន់តែច្បាស់នូវខ្លឹមសារបញ្ញាត្តិសំខាន់ៗនេះថ្នាក់ពាក្យទាំង៨របស់ខ្មែរយើង ។

ពលរដ្ឋខ្មែរគ្រប់រូប គួរតែយល់ដឹងពីខ្លឹមសារបញ្ញាត្តិវេយ្យាករណ៍សំខាន់ៗ ដែលអាចឱ្យអ្នកប្រើប្រាស់ភាសាជាតិខ្មែរបានល្អ ត្រឹមត្រូវច្បាស់លាស់ និងដើម្បីលើកកម្ពស់អត្តសញ្ញាណជាតិ កិត្យានុភាពជាតិ អភិរក្សនិងអភិវឌ្ឍអក្សរសាស្ត្រជាតិខ្មែរយើងឱ្យបានរុងរឿងប្រកបដោយចីរភាព ។

ដោយក្ដីសង្ឃឹមយ៉ាងមុតមាំថា «ថ្នាក់ពាក្យនៃភាសាខ្មែរ» នឹងបានចូលរួមចំណែកជួយដល់សិស្សានុសិស្ស សិក្ខាកាម លោកគ្រូអ្នកគ្រូ អ្នកស្រាវជ្រាវ ស្មេរ អ្នកនិពន្ធ បញ្ញវន្ត ក្នុងការរៀននិងបង្រៀនវេយ្យាករណ៍ ឱ្យទទួលបានប្រសិទ្ធភាពខ្ពស់ នៃការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ និងកិច្ចការតែងនិពន្ធ ឬតាក់តែងលិខិតស្នាមគតិយុត្ត ឬក៏ឯកសារផ្លូវការ ក្នុងក្របខណ្ឌការងារវិជ្ជាជីវៈបានលទ្ធផលល្អប្រសើរ ។

ទោះជាយ៉ាងណាក្ដី ស្នាដៃនេះនៅតែមានចំណុចខ្វះខាតជៀសមិនផុតឡើយ បើទោះជាមានការពិនិត្យពិច័យច្រើនដងក៏ដោយ ។ ដូច្នេះរាល់មតិយោបល់ ឬសំណូមពរ ព្រមទាំងសំណួរផ្សេងៗ ពាក់ព័ន្ធនឹងការបង្ហាញក្ដី បញ្ញាត្តិក្ដី ខ្លឹមសារមេរៀនណាមួយក្ដី សូមលោកអ្នកទាក់ទងមកកាន់រូបខ្ញុំផ្ទាល់ ខ្ញុំបាទរីករាយនឹងទទួលរាល់មតិយោបល់ទាំងឡាយ ដើម្បីឱ្យស្នាដៃនេះកាន់តែមានតម្លៃល្អប្រសើរបន្ថែមទៀត ។

សូមលោកអ្នកទទួលក្ដីគោរពដ៏ខ្ពង់ខ្ពស់អំពីខ្ញុំបាទ ពេជ្រ ចំរុង